ប្រាសាទតាព្រហ្ម



ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)

ប្រាសាទ​តាព្រហ្ម​ស្ថិត​​នៅ​ក្នុង​រមណីយដ្ឋាន​ទនេ្លបាទីក្នុង​ភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន​ចម្ងាយ ៣៤​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ តាម​ផ្លូវ​ជាតិ​លេខ ២។ ប្រាសាទ​នេះ​សង់​ឡើង​នៅ​សតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើ​ពី​ថ្មភក់​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ដ៏​វិចិត្រ ប្រហាក់​ប្រហែល​នឹង​ប្រាសាទតាព្រហ្ម​នៅ​ខេត្តសៀមរាប​ដែរ​ព្រោះ​ស្ថាបត្យកម្ម​នេះ​ស្ថិត នៅ​ក្នុងរចនាបថបាយ័ន នា​រជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧ ដែល​ជា​អធិរាជ​នៃ​ចក្រភពកម្ពុជទេស។ បន្ទាប់​ពី​បញ្ចប់​សឹក​សង្រ្គាម​ជា​មួយ​ដែន​ដី​ចម្ប៉ា​រំដោះ​បាន​រាជធានី​ អង្គរ និង​មាតុភូមិ ជា​ស្ថាពរ​មក​ព្រះបាទជ័យវរ្ម័នទី៧ ចាប់​ផ្តើម​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ​តាម​មាគ៌ា​សន្តិភាព​នូវ​ភាវូបនីយកម្ម​ដោយ​បន្ស៊ី​ភ្ជាប់​គ្នា​រវាង​ព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនា​គោរព​អាទិទេព​ទាំង៣ ឬ​ត្រីម៌ូតិ​។ ការ​បង្រួប​បង្រួម​នេះ សែ្តង​ចេញ​តាម​រយៈ​សំណង់​ប្រាសាទ​ធំៗ​មាន​ជា​អាទិ៍​ប្រាសាទបាយ័ន ប្រាសាទបន្ទាយក្តី ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ មហា​កំពែង​ព័ទ្ធ​ជុំវិញ​ក្រុង​អង្គរ​ធំជា​ដើម។
ដោយ​ឡែក​ប្រាសាទ​តាព្រហ្ម​ទាំង​ពីរ នៅ​ខេត្តសៀមរាប និងខេត្តតាកែវ ត្រូវ​បាន​ស្ថាបនា​ឡើង​​ដើម្បី​ឧទ្ទិស​ថ្វាយ​​ដល់​ព្រះលោកេស្វរៈ និង​យក​ធ្វើ​ជា​អារាម​សម្រាប់​ព្រះ​សង្ឃ​គង់​​នៅ​រហូត​ដល់​ប្រាសាទតាព្រហ្ម នៅ​តំបន់​អង្គរ​មាន​ឈ្មោះដើមថា​​រាជវិហារ សម្រាប់​ប្រាសាទ​តាព្រហ្ម​នៅទនេ្លបាទី ទោះ​បី​ជា​វិសាលភាព​តូច​ជាង​ប្រាសាទ​ទី​១ នៅ​តំបន់​អង្គរ​ក្តី ក៏​តឹក​តាង​បង្អាញ​ថា​​វា​មាន​លក្ខណៈ​ជា​អារាម ឬ​ជា​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ។ នៅ​ទនេ្លបាទី​ គ្មាន​ភ្នំ​នៅ​ជិត​ទេ តើ​ដូន​តា​ខែ្មរ​យក​ថ្ម​ពី​ណា​មក​កសាង​ប្រាសាទ ? សំណួរ​នេះ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​បកស្រាយ​ថា​គេ​​ត្រូវ​ដឹក​តាម​រទេះ ដាក់​ខ្នង​ដំរី ដាក់​សំពៅ នាំ​យក​ផ្ទាំង​ថ្ម​ទាំង​នោះ ដែល​រួម​មាន​ថ្មបាយកៀ្រម និង​ថ្មភក់ ពី​ភ្នំ​ឆ្ងាយ​ៗ មក​កសាង​ឲ្យ​កើត​ជា​ប្រាសាទ​នេះ​ឡើង ដែល​កំពូល​ប្រាសាទ​កណ្តាល​​មាន​កម្ពស់​ដល់​ទៅ​១២​ម៉ែត្រ ចំណែក​បរិវេណ​កំពែង មាន​បណ្តោយ​១៥០​ម៉ែត្រ ទទឹង​៩៥​ម៉ែត្រ។
ប្រវត្តិប្រាសាទតាព្រហ្ម
បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ២ ចម្ងាយ៣២គ.ម ទៅដល់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅខាងលិចចម្ងាយ២.ម ក្នុងឃុំក្រាំងធ្នង់ ស្រុកនិងខេត្តដដែល នឹងបានឃើញទនេ្លបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្តោយថៃ្ង មានទឹកល្អល្អាច ខួបប្រាំង ខួបវស្សា ហៅថា ទនេ្លបាទី កែ្បរឆេ្នរខាងនៃទនេ្លនោះមានប្រាសាទពីរ ហៅប្រាសាទតាព្រហ្មមួយ ប្រាសាទយាយពៅមួយ។ រឿងព្រេងទាក់ទងដើមកំណើតនៃប្រាសាទនោះ មានដំណាលដូចតទៅនេះ៖

កាលសេ្តចព្រះនាមព្រះកេតុមាលា សោយរាជនៅមហានគរ ជាសេ្តចមានបុណ្យអស្ចារ្យណាស់។ វេលាមួយ សេ្តចទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ គង់នៅក្នុងប្រាសាទពុំបាន​ ទ្រង់យាងកំសាន្ត​ព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវនាវាតាមឆេ្នរសមុទ្រត្រើយខាងត្បូង។ លុះយាងទៅដល់ទនេ្លបាទី ទ្រង់ចតព្រះទីនាំងនាវា នៅត្រើយនោះ ដោយសោមនស្ស ហើយទ្រង់បោះ​ព្រះពន្លាជ័យសំរាកព្រះអង្គនៅក្នុងទីនោះ។ ពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់ បានលឺដំណឹងថា សេ្តចយាងពីនគរវត្តមក ដោយមិនដែលស្គាល់សេ្តចនោះសោះ ក៏នាំគ្នាជាច្រើនអ៊ូអែរ មកថ្វាយបង្គំគាល់ យកអាករសួយរៃមកថ្វាយព្រះអង្គគ្រប់គ្នា។ កាលនោះមានយាយម្នាក់ មានភោគសម្បត្តិស្តុកស្តម្ភជាង អ្នកស្រុកទាំងអស់ គាត់មានកូនក្រមុំមួយឈ្មោះ នាងពៅ មានរូបឆោមលោមពណ៌‌ល្អលើសស្រីទាំងពួង។ គាត់នាំកូនក្រមុំមកគាល់សេ្តចរាល់ថៃ្ង។ ព្រះមហាក្សត្រទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ចង់ចំអន់ លេងរាល់ពេលវេលា។ យាយដឹងថា សេ្តចសព្វព្រះរាជហឫទ័យនិងកូនក្រមុំរបស់ខ្លួន ក៏លើកថ្វាយជាព្រះទេពី។ សេ្តចបាននាងពៅធ្វើជាព្រះអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនិងនាងពន់ពេក ព្រោះជាស្រីមាន​រូបឆោមលោម ពណ៌‌ល្អ។ សេ្តចគង់នៅក្នុងទីនោះបានបីខែ នាងពៅមានគភ៌‌ លុះនាងមានគភ៌‌បានបីខែ ព្រះរាជាទ្រង់មានព្រះ បន្ទូលថា "ចូរប្អូននៅក្នុងទីនោះចុះ ពីព្រោះមានព្រះមាតានៅថែរក្សា ឯបងសូមលាត្រលប់ទៅមហានគរវិញ" ។ ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេរថា "បើព្រះរាជបុត្រប្រសូតមក កាលណាធំដឹងក្តីឡើង ចង់ទៅសួរ រកបង ចូរនាងឲ្យ​ពាក់ព្រះទម្រង់​នេះយកទៅជាសាក្សី"។ នាងពៅបានស្តាប់ព្រះរាជបន្ទូលដូច្នោះ ក៏សោកសង្រេង អាឡោះអាល័យព្រះស្វាមីពេកក្រៃ ដោយទ្រង់មិនឲ្យទៅតាមផង។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់សេ្តចយាង ទៅកាន់ព្រះមហានគរវិញ ។

ក្រោយមកគភ៌‌នាងពៅគ្រប់ខែ ក៏ប្រសូតព្រះរាជបុត្រដូចព្រះវរបិតា។ មាតាឲ្យនាមថា អង្គព្រហ្មកុមា ដោយ ហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែនទនេ្លនោះ។ លុះព្រះរាជបុត្រនោះ​ធំឡើងបានព្រះជន្ម ១៦ឆ្នាំ សួររកបិតា នាងពៅដំណាលប្រាប់សព្វគ្រប់ ហើយព្រះរាជកុមារ ចង់ទៅតាមរកព្រះបិតាឯមហានគរ មាតាក៏បានដោះព្រះទម្រង់មាស ឲ្យទៅព្រះរាជបុត្រ​ពាក់នៅ ម្រាមព្រះហស្តខាងស្តាំ ហើយព្រះរាជបុត្រថ្វាយបង្គំលាមាតា ឡើងគង់លើសេះយាងតាមឆេ្នរសមុទ្រទៅ។ លុះបានទៅដល់ក្លោង ទ្វារព្រះមហានគរ បានសួរទៅអ្នកចាំទ្វាររកព្រះបិតា។ នាយឆ្មាំទ្វារបានស្តាប់ ក៏ចាត់មន្រ្តីឲ្យទៅក្រាបបង្គំទូលសេ្តច សេ្តចជ្រាបទ្រង់មានព្រះតម្រាសឲ្យចូលទៅ។ អង្គព្រហ្ម ក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតា ហើយដោះព្រះទម្រង់ថ្វាយ។ សេ្តចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែន ដោយទ្រង់បានឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រហ្ម ឲ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេ្លនោះ។ ដោយហេតុថាព្រះអង្គព្រហ្ម​ប្រសូតក្នុងទីនោះផង ដោយទីនោះ ពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផង ក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រហ្ម ជាសេ្តចត្រាញ់មួយអង្គជាធំក្នុង ស្រុកនោះ ហើយដោយហេតុអង្គ​ព្រហ្ម​ជាសេ្តច ជាមេបានៅស្រុកនោះមុនគេ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទនេ្លនោះឈ្មោះទនេ្លបាទី គឺទីរបស់សេ្តចជាបា ពីត្រឹមនោះមក។ លុះអង្គព្រហ្ម​បានជាសេ្តចត្រាញ់នៅស្រុក​នោះហើយ ទ្រង់បានចាត់ឲ្យសាងប្រាសាទពីរ មួយជូនមាតា មួយគង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង។ ដំណាក់ឯទៀតនៅកែ្បរប្រាសាទនោះជាទីក្រសាល និងជាទីធ្វើការរាជការផេ្សងៗ តាមមុខក្រសួងនាម៉ឺន សព្វមុខមន្រ្តី។ ទីបរិវេណនៃប្រាសាទទាំងនោះ សព្វថៃ្ងទៅជាវត្តមួយឈ្មោះ វត្តទនេ្លបាទី ជារមណីដ្ឋានមួយ ដែលពួកទេសចរណ៍ច្រើន ចូលចិត្តទៅទស្សនា។

1 comment: