
ភ្នំបាណន់ គឺជាទីរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាល មួយ
ដែលត្រូវបានកសាងឡើងក្នុងគោលបំណងឧទ្ទិសទៅដល់ទេវនៅ ក្នុងព្រហ្មញ្ញសាសនា។
ភ្នំបាណន់ ជាទីសម្រាប់សក្ការៈបូជារបស់ ប្រជាជន បែបន់នៅពេលមានទុរភិក្ស
ឬគ្រោះធម្មជាតិផ្សេងៗ។ ស្ថាបត្យកម្មសំណង់ប្រាសាទភ្នំបាណន់
អមដោយសម្រស់ព្រៃភ្នំ ធម្មជាតិ ពណ៌បៃតងស្រស់របស់ទីរមណីយដ្ឋាន
បាននឹងកំពុងទាក់ទាញការចាប់ អារម្មណ៍
ពីសំណាក់បណ្តាភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
សំណង់ស្ថាបត្យកម្មបូរាណ ប្រាសាទភ្នំបាណន់
ឡោមព័ទ្ធទៅដោយកម្រាលព្រំ រុក្ខជាតិពណ៌បៃតងស្រស់ ដុះប្របជាប់ជើងភ្នំ
ព្រមជាមួយនឹងដងស្ទឹងសង្កែដែលជានិច្ចកាលត្រជាក់ស្រេង
បានកែប្រែទីនេះទៅជា រមណីយដ្ឋានមួយដ៏ស្រស់បំព្រង សម្រាប់ទស្សនាកម្សាន្ត
ជារៀងរាល់ថ្ងៃឈប់សម្រាក និងក្នុងឱកាសបុណ្យទាននានា។
ប្រាសាទភ្នំបាណន់ត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី១១-១២
ពោលគឺនៅក្នុងរជ្ជកាលព្រះបាទ ឧទយាទិត្យវរ្ម័នទី២ នាឆ្នាំ១០៥០ ដល់ ១០៦៧។
ក៏ប៉ុន្តែការដឹកនាំកសាងរបស់ ព្រះអង្គ
ទ្រង់ ពុំបានបញ្ចប់រួចរាល់ ជាស្ថាពរនោះទេ ទើបក្រោយមក ព្រះបាទជ័យវរ្ម័នទី៧
ទ្រង់បានបន្តកសាងបញ្ចប់សព្វគ្រប់ក្នុងឆ្នាំ១១៨១ ដល់ ឆ្នាំ១២១៩។
ភ្នំបាណន់មានកម្ពស់ ប្រមាណជា១០០ម៉ែត្រ។ ដើម្បីឡើងទៅឱ្យដល់ ប្រាសាទនេះបាន
ភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងឆ្លងកាត់តាមជណ្តើរមួយខ្សែ
ដែលមានចំនួន៣៥២កាំ ។ តួប្រាសាទទាំងមូលសាងសង់ពីថ្មបាយក្រៀមនិងថ្មភក់
មានកំពូល៥ ដោយកំពូល៤ជ្រុង តំណាងឱ្យទិសធំៗទាំង៤
និងកំពូលធំមួយនៅចំកណ្តាលប្រាសាទ ស្ថិតនៅត្រង់ចំណុចផ្លូវឡើងពីទិសខាងកើត
ជាប្រាសាទតាដំបងដែក ដែលតាំងពីសម័យមុនមកមានរូបសំណាក តាដំបងដែកនៅឈរចាំយាម
នៅទីនោះ ។ ប្រាសាទទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូង
ដែលចាស់ទុំជំនាន់ដើមបាននិទានប្រាប់កូនចៅជំនាន់ក្រោយថា
នៅទីនោះមានល្អាងធំមួយ អាចចុះទៅក្រោមបាន
តែពុំមាននរណាម្នាក់បានសាកល្បងថាពិតឬអត់នោះទេ។ នៅរៀងរាល់ពេលបុណ្យទានម្តងៗ
អ្នកស្រុកឬភ្ញៀវទេសចរ ដែលបានអញ្ជើញទៅ តែងតែយកផែ្លដូង
ទៅទម្លាក់ក្នុងល្អាងប្រាសាទនោះដើម្បីផ្សង
រួចហើយមករង់ចាំមើលផ្លែដូងនោះអណ្តែតចេញពីស្ទឹងសង្កែវិញ។
ប្រសិនបើផ្លែដូងនោះផុះឡើង មកវិញនោះមានន័យថា
សេចក្តីប្រាថ្នារបស់គេប្រាកដជាបានសម្រេច។
គួរកត់សម្គាល់ផងដែរថា នៅតាមជើងភ្នំប្រាសាទបាណន់ មានគូទឹកពីរ
គឺល្អាងព្រះទឹក និងល្អាងបិទមាស បើតាមន័យក្នុង
ព្រហ្មញ្ញសាសនាគូទឹកនេះសង់ឡើងដើម្បីតំណាងឱ្យអាណាចក្រមួយដ៏រុងរឿង
ដែលផ្សំឡើងពីធាតុដី និងទឹក។
តាមសម្តីរបស់ចាស់ទុំក្នុងស្រុកបានឱ្យដឹងពីប្រវត្តិនៃជំនឿនេះថា
ប្រាសាទភ្នំបាណន់ ពីដើមគេហៅថា ប្រាសាទភ្នំបែបន់។
ពេលណាអ្នកស្រុក មានគ្រោះអាសន្ន ឬបញ្ហាខាងផ្លូវចិត្តផ្សេងៗ
គេតែងតែនាំគ្នា មកបន់ស្រន់ បួងសួងជារឿយៗ លុះពេលបានសម្រេចបំណង
ក៏នាំគ្នាសែនព្រេនលាបំណន់នោះវិញ ទើបក្រោយៗមកទីនេះក៏ជាប់ឈ្មោះថា
ប្រាសាទភ្នំបាណន់ រហូតមកដល់សព្វថ្ងៃនេះទៅ។
បើយើងឈរលើកំពូលភ្នំ រួចហើយសំលឹងមើល ទៅក្រោម
នោះយើងនឹង ឃើញទេសភាព ដ៏ស្រស់ត្រកាល លម្អទៅដោយ ភូមិតូចៗកណ្តាលវាលស្រែ
ពិសេសដងស្ទឹងសង្កែដែលនៅជិតជើងភ្នំ។ រីឯនៅជើងភ្នំបាណន់វិញ លោកអ្នកអាច
រីករាយជាមួយ វាលស្មៅដ៏ខៀវខ្ចី និងដើរលំហែកាយនៅលើ ស្ពានយោលឆ្លងកាត់ស្ទឹង។
ទេសភាពភ្នំបាណន់គឹ ពិតជា ទេសភាពមួយដែលកម្រនឹងបានឃើញ
ហើយក៏ជាទីកន្លែងសំរាប់លំហែកាយ ក្នុងពេលវិស្សមកាល។
ប្រាសាទភ្នំបាណន់ជា រមណីយដ្ឋានប្រវត្តិសាស្រ្តមួយ
នៅក្នុងខេត្តបាត់ដំបងដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅភូមិកន្ទឺ ឃុំកន្ទឺ
ស្រុកបាណន់ ទិសពាយ័ព្យនៃប្រទេសកម្ពុជា។ រមណីយដ្ឋានភ្នំបាណន់នេះ
ស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង
ដែលជាកន្លែងប្រកបទៅដោយសក្តានុពលលើផ្នែកវិស័យទេសចរណ៍។




No comments:
Post a Comment